សារពីនាយកប្រតិបត្តិ
នៅក្នុងឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាក់ទីវភីភល សម្រេចបានក្លាយជាគ្រឹះស្ថានដែលឈានមុខគេក្នុងសកម្មភាពហិរញ្ញវត្ថុនៅក្នុងប្រទេស។អស់រយៈពេល១១ឆ្នាំដែលអាក់ទីវភីភលបានឈរជើងប្រកបដោយស្ថេរភាពក្នុងទិសដៅជួយជំរុញបង្កើនជីវភាពប្រជាពលរដ្ឋកម្ពុជា និងគាំទ្រដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នៅចុងឆ្នាំ២០២២គ្រឹះស្ថានសម្រេចបាននូវទ្រព្យសកម្មសរុបចំនួន២៨១,៦៩៥,៣០៩ដុល្លារអាមេរិកក្នុងនោះមានផលប័ត្រឥណទានសរុប២៤៨,៦២០,៤៩៧ដុល្លារអាមេរិក និងផ្តល់ជូនអតិថិជនសរុបចំនួន១៧៨,១៦២ គណនី ជាមួយសកម្មភាពប្រតិបត្តិការចំនួន ២៩ សាខា និងបុគ្គលិកចំនួន ៥៧០ នាក់។ ការងើបឡើងវិញនៃដំណើរការសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវិដ១៩ រយៈពេល២ឆ្នាំកន្លងទៅ នៅក្នុងឆ្នាំ២០២២នេះ គ្រឹះស្ថានទទួលបានប្រាក់ចំនេញសុទ្ធចំនួន ១០,៩៦៦,២៥០ ដុល្លារអាមេរិក ដែលជាចំនួនមួយដែលមិនធ្លាប់ទទួលបានពីមុន។ គ្រឹះស្ថាននៅតែបន្តអនុវត្តយុទ្ធសាស្រ្តបង្កើនទ្រព្យសកម្មរបស់ខ្លួនតាមរយៈការផ្តល់ឥណទាន ជូនអតិថិជនឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធិភាព។បន្ថែមលើការផ្តល់ឥណទាន គ្រឹះស្ថានយើងខ្ញុំបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលតាមរយៈសមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជាក្នុងយុទ្ធនាការបរច្ចាគឈាមនិងជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅខេត្តកំពង់ធំផងដែរ ។ ជាពិសេសទៅទៀតនោះចាប់ពីឆ្នាំ២០២០មក គ្រឹះស្ថានតែងតែបន្ត សកម្មភាពរបស់ខ្លួនដោយផ្តាល់ក្នុងការបរិច្ចាគថវិកាមួយចំនួនជូនកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំហើយ នៅក្នុងឆ្នាំ២០២២នេះផងដែរ គ្រឹះស្ថានបានបរិច្ចាគចំនួន២០,០០០,០០០រៀល។ លើសពីនេះទៅទៀតគ្រឹះស្ថានបានបន្ថែមការបរិច្ចាគ ៣០០០ ដុល្លារអាមេរិក ដើម្បីជួយសម្រាលការលំបាកចំពោះប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាខែតុលាឆ្នាំ២០២២កន្លងទៅនេះ ។
ការរីកចម្រើនរបស់អាក់ទីវភីភលរហូតមកដល់ពេលនេះនិងតទៅមុខទៀតគឺដោយសារការចូលរួមសហការល្អរបស់បុគ្គលិកគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។ ជំនួសមុខឲ្យក្រុមប្រឹក្សាភិបាលខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងនិងបុគ្គលិករបស់អាក់ទីវភីភលទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរៀងៗខ្លួនបានយ៉ាងល្អរហូតទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ហើយសូមព្យាយាមប្រឹងប្រែងនេះនៅតែបន្តដើម្បីផ្តល់សេវាកម្មដ៏ល្អប្រសើរជូនអតិថិជនគ្រប់ៗគ្នា។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណផងដែរចំពោះ ភាគទុនិក ក្រុមប្រឹក្សាភិបាល អតិថិជន រាជរដ្ឋាភិបាលជាពិសេសធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រ និងផ្តល់ដំបូន្មាន ល្អៗជារៀងរហូតមក។